ប្រធានាធិបតីអាមេរិក ដូណាលត្រាំកាលពីថ្ងៃទី២៦ខែមេសា បានប្រកាសថា លោក នឹងដកអាមេរិកចេញពីសន្ធិសញ្ញាអន្តរជាតិ របស់អង្គការសហប្រជាជាតិ ស្តីពីការលក់អាវុធ UNATT ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចុះហត្ថលេខា ។


សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកាសខាងលើរបស់ លោក ត្រាំ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់ សមាគមន៍កាំភ្លើង ជាតិ NRA របស់អាមេរិក។ លោកត្រាំបានប្រកាសថា«យើងនឹងដកអាមាមេរិកចេញពីសន្ធិសញ្ញាលក់អាវុធ ជាសកម្មភាពដើម្បីការពារ អធិបតេយ្យ របស់អាមេរិក»។លោកត្រាំបានលើកឡើងថា អង្គការសហប្រជាជាតិនឹងទទួលបានការប្រកាស់ជាផ្លូវការស្តីពីការដកខ្លួនរបស់អាមេរិក ក្នុងពេលឆាប់ៗនេះ ។


អង្គការសហប្រជាជាតិ ដែលមាន១៩៣ប្រទេសបានបោះឆ្នោត ដោយមានសំឡេងគាំទ្រខ្ពស់ ក្នុងការអនុម័តទៅលើសន្ធិសញ្ញា UNATT ដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំ២០១៣។


សន្ធិសញ្ញាខាងលើ បានកែប្រែសកម្មភាពលក់អាវុធចាប់តាំងពី កាំភ្លើងតូចដល់រដ្ឋក្រោះ របស់បណ្តាប្រទេស ប៉ុន្តែមិនបានរួមបញ្ជូន ការលក់អាវុធផ្ទៃក្នុងរបស់បណ្តាប្រទេសនោះឡើយ។ នៅពេលនេះមានប្រទេស ១០១ បានចូលរួមនៅក្នុងសន្ធិសញ្ញាខាងលើ ក្នុងនោះមាន២៩ប្រទេសបានចុះហត្ថលេខា ក្នុងនោះមានអាមេរិក ប៉ុន្តែមិនទាន់ចូលរួមជាផ្លូវការនោះឡើយទេ ៕